ចម្លើយ. អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ “ថ្ងៃមួយ ពេលពួកយើងកំពុងអង្គុយជាមួយរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែមានបុរសម្នាក់បានមកដល់ ដោយស្លៀកសម្លៀកបំពាក់ពណ៌សស្គុស សក់ខ្មៅរលោង មិនឃើញមានស្លាកស្នាមអ្វីមួយនៅលើខ្លួនគាត់ដែលបញ្ជាក់ថា ជាអ្នកដំណើរមកពីឆ្ងាយនោះទេ ហើយក៏គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកយើងស្គាល់គាត់នោះដែរ។ ក្រោយមក បុរសនោះក៏អង្គុយទល់មុខនឹងព្យាការី ដោយយកជង្គង់របស់គាត់ទាំងពីរដាក់ទល់នឹងជង្គង់ព្យាការី ហើយបាតដៃទាំងពីររបស់គាត់ដាក់លើភ្លៅខ្លួនឯង រួចសួរថា៖ “ឱមូហាំម៉ាត់! ចូរប្រាប់ខ្ញុំអំពីអ៊ីស្លាម”។ លោកបានឆ្លើយថា៖ “អ៊ីស្លាម គឺអ្នកត្រូវធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡាះមួយគត់ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសារ(រ៉សូល)របស់អល់ឡោះ។ បន្ទាប់មក ត្រូវប្រតិបត្តិសឡាត ត្រូវបរិច្ចាគហ្សាកាត់ ត្រូវបួសខែរ៉ម៉ាហ្ទន និងធ្វើហាជ្ជីនៅពៃតុលឡោះ ប្រសិនបើអ្នកមានលទ្ធភាពទៅដល់”។ បុរសនោះក៏តបថា៖ “ត្រឹមត្រូវហើយ”។ ពេលនោះ ពួកយើងមានការងឿងឆ្ងល់ណាស់ ព្រោះគាត់ជាអ្នកសួរព្យាការី ហើយគាត់និយាយថា៖ “ត្រឹមត្រូវ”។ បន្ទាប់មក បុរសនោះក៏សួរបន្តទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់(ជំនឿ)”? ព្យាការីបានឆ្លើយថា៖ អ៊ីម៉ាន់(ជំនឿ)នោះគឺ អ្នកត្រូវជឿចំពោះអល់ឡោះ ជឿចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីរដែលទ្រង់បានបញ្ចុះមក បណ្តាអ្នកនាំសាររបស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿថា វាសនាល្អនិងវាសនាអាក្រក់ សុទ្ធតែអល់ឡោះបានកំណត់រួច”។ បុរសនោះនិយាយថា៖ “ត្រឹមត្រូវ”។ ហើយបុរសនោះក៏សួរបន្តទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីអៀហសាន(ទង្វើល្អ)”? លោកបានឆ្លើយថា៖ “អៀហសាន(ទង្វើល្អ)នោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់ដូចជាអ្នកមើលឃើញទ្រង់ បើទោះជាជាក់ស្តែង អ្នកមិនបាន ឃើញទ្រង់ តែអ្នកត្រូវជឿជាក់ថា ទ្រង់កំពុងមើលឃើញអ្នក”។ បុរសនោះក៏សួរបន្តទៀតថា៖ “ចូរប្រាប់ខ្ញុំអំពីពេលវេលានៃថ្ងៃបរលោក(តើវាកើតឡើងនៅពេលណា)”? ព្យាការីលោកបានឆ្លើយថា៖ “មិនមែនអ្នកដែលត្រូវគេសួរសុទ្ធតែចេះជាងអ្នកសួរនោះទេ”។ បុរសនោះសួរបន្តទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីសញ្ញាសម្គាល់របស់វា(ថ្ងៃបរលោក)”? លោកបានឆ្លើយថា៖ “នៅពេលដែលស្ត្រីជាទាសករគេ ប្រសូត្របានកូនជាចៅហ្វាយនាយរបស់នាង នៅពេលដែលអ្នកក្រខ្សត់ គ្មានស្បែកជើងនិងសម្លៀកបំពាក់ និងអ្នកគង្វាលចៀម ប្រកួតប្រជែងគ្នាខាងគេហដ្ឋាន(មនុស្សវណ្ណៈទាបបំផុតក្លាយជាមេដឹកនាំ ហើយមានទ្រព្យសម្បត្តិច្រើននិងមានអំនួតធ្វើផ្ទះសំបែងយកល្អ និងខ្ពស់ជាងគ្នា”។ ក្រោយពីសួររួចរាល់ហើយ បុរសនោះក៏ចេញទៅ។ មួយសន្ទុះក្រោយមក ព្យាការីបានសួរថា៖ “ឱអ៊ូមើរ! តើអ្នកដឹងទេថា តើនរណាសួរខ្ញុំនោះ”? ខ្ញុំ(អ៊ូមើរ)បានឆ្លើយថា៖ “មានតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ទេដែលដឹងជាងគេ”។ លោកក៏ប្រាប់ថា៖ “គាត់គឺម៉ាឡាអ៊ីកាត់ជីព្រីលដែលមកជួបពួកអ្នកទាំងអស់គ្នា ដើម្បីបង្រៀនពួកអ្នកនូវសាសនារបស់ពួកអ្នក”។ រាយការណ៍ដោយ មូស្លីម
មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្ហនេះ
១. បានលើកឡើងអំពីរូកុន(គោលគ្រឹះ)ទាំងប្រាំនៃសាសនាអ៊ីស្លាម ៖
ការសច្ចាថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះតែមួយគត់ ហើយព្យាការីមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។
ប្រតិបត្តិសឡាត
បរិច្ចាគហ្សាកាត់
បួសខែរ៉ម៉ាហ្ទន
ធ្វើធម្មយាត្រាហាជ្ជីនៅឯពៃតុលហារ៉ម(ទីក្រុងម៉ាក្កះ)។
២. បានលើកឡើងពីរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ទាំងប្រាំមួយ ៖
ជំនឿចំពោះអល់ឡោះជាម្ចាស់
ជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់
ជំនឿចំពោះបណ្តាព្រះគម្ពីររបស់ទ្រង់
ជំនឿចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់
ជំនឿចំពោះថ្ងៃបរលោក
និងជំនឿចំពោះវាសនាល្អ និងអាក្រក់(មកពីអល់ឡោះ)។
៣. បានលើកឡើងពីរូកុនអៀហសាន ដែលមានមួយរូកុន នោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់បីដូចជាអ្នកមើលឃើញទ្រង់ តែអ្នកពុំបានមើលឃើញទ្រង់ទេ ប៉ុន្តែទ្រង់កំពុងមើលឃើញអ្នក។
៤. ពេលវេលាដែលថ្ងៃបរលោកនឹងកើតឡើង គឺគ្មាននរណាម្នាក់ដឹងនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។
ហាទីស្ហទី៤