ចម្លើយ. ជំពូក អាល់ហ៊ូម៉ាហ្សះ( سورة الهمزة ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
វិនាសអន្ដរាយហើយចំពោះអ្នកនិយាយមួលបង្កាច់ និង អ្នកនិយាយដើមគេ។ គឺជាអ្នកដែលបានប្រមូលទ្រព្យសម្បត្ដិនិងរាប់ចំនួនរបស់វា ដោយគេគិតថា ទ្រព្យសម្បត្ដិរបស់គេពិតជាធ្វើឱ្យគេនៅ គង់វង្សជារៀងហូត។ មិនដូច្នោះទេ. ការពិតគេនឹងត្រូវគេបោះបញ្ចូលទៅក្នុង ហ៊ូ ត ម៉ះ។ តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ហ៊ូត៏ម៉ះ ជាអ្វីនោះ? គឺជាភ្លើងរបស់អល់ឡោះដែលបានបង្កាត់ទុក(នៅក្នុង នរក) ដែលវាឆាបឆេះរាលដល់បេះដូង។ ពិតប្រាកដណាស់ នរកនោះត្រូវបានបិទជិត ដើម្បីកុំឱ្យ ពួកគេចេញ។ ត្រូវបានចងភ្ជាប់នឹងសសរដ៏វែង។ (អាល់ហ៊ូម៉ាហ្សះ ៈ ១-៩)
បកស្រាយអត្ថន័យ
១. ក្តីវិនាស និងទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះអ្នកដែលចូលចិត្តនិយាយដើម និងមួលបង្កាច់អ្នកដទៃ។
២. ជាអ្នកដែលគោលបំណងសំខាន់របស់គេ គឺការប្រមូលទ្រព្យសម្បត្ដិនិងរាប់ចំនួនរបស់វា។ គេគ្មានគោលបំណងអ្វីផ្សេងពីនោះឡើយ។
ដោយគេគិតស្មានថា ទ្រព្យសម្បត្ដិរបស់គេដែលគេខំប្រមូលនោះ នឹងអាចធ្វើឱ្យរូបគេគេចផុតពីសេចក្តីស្លាប់បាន។ ដូច្នេះ គេនឹងអាចរស់នៅជាអមតៈនៅលើលោកិយនេះ។
រឿងនោះមិនដូចអ្វីដែលជនល្ងង់ខ្លៅនេះគិតនោះទេ។ តាមពិត រូបគេនឹងត្រូវគេបោះទៅក្នុងភ្លើងនរកជើហាន់ណាំដែលវានឹងបំផ្លាញ និងកម្ទេចទាំងអស់រាល់អ្វីដែលគេបោះចូលទៅក្នុងវា ដោយសារតែកម្តៅដ៏សែនក្តៅបំផុតរបស់វា។
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ភ្លើងនរកដែលបំផ្លាញរាល់អ្វីទាំងអស់ដែលគេបោះចូលទៅក្នុងវានោះជាអ្វី?
៦. គឺជាភ្លើងរបស់អល់ឡោះដែលត្រូវបានគេបង្កាត់ឆេះយ៉ាងសន្ធោសន្ធៅ
៧. ដែលវានឹងឆាបឆេះរោលរាលពេញខ្លួនប្រាណរបស់មនុស្ស រហូតដល់បេះដូងរបស់ពួកគេ។
៨. ជាការពិតណាស់ នរកនោះត្រូវបានបិទជិតដើម្បីកុំឱ្យពួកដែលត្រូវទណ្ឌកម្មរត់ចេញ។
៩. ពួកគេត្រូវបានគេចងភ្ជាប់នឹងសសរដ៏វែងដើម្បីកុំឱ្យពួកគេអាចចេញរួច។