សំណួរទី៥. ចូរសូត្រជំពូក អាត់តាកាស៊ួរ(سورة التكاثر ) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាត់តាកាស៊ួរ( سورة التكاثر ) និងអត្ថន័យរបស់វា ៖

ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។

ភាពក្រអឺតក្រទមនឹងការមានទ្រព្យសម្បត្ដិច្រើនហើយនិងកូនចៅ បានធ្វើឱ្យពួកអ្នកភេ្លចខ្លួន(ពីការគោរពប្រតិបត្ដិចំពោះអល់ឡោះ) រហូតពួកអ្នកចូលទៅក្នុងផ្នូរ(រហូតអ្នកស្លាប់)។ ទេ. ពួកអ្នកគង់តែនឹងដឹងជាមិនខាន ។ ទេ. បន្ទាប់មកពួកអ្នកគង់តែនឹងដឹង។ ទេ. ប្រសិនបើពួកអ្នកដឹង(ពីលទ្ធផលនៃការភេ្លចខ្លួនរបស់ ពួកអ្នក)ដោយការដឹងយ៉ាងច្បាស់លាស់នោះ(ពួកអ្នកពិតជាមិនធ្វើ ដូច្នោះឡើយ)។ ជាការពិតណាស់ ពួកអ្នកនឹងឃើញនរកជើហ៊ីមជាមិនខាន។ បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវាយ៉ាងច្បាស់នឹងភ្នែក។ ក្រោយមក ពួកអ្នកនឹងត្រូវគេសួរនៅថ្ងៃនោះអំពីឧបការគុណ(នៀកម៉ាត់)ដែលទ្រង់បានប្រទានឱ្យពួកអ្នក។ (អាត់តាកាស៊ួរ ៈ ១-៨)

បកស្រាយអត្ថន័យ

១. ការមានមោទនភាពនឹងទ្រព្យសម្បត្តិនិងកូនចៅច្រើន បានធ្វើឱ្យពួកអ្នក(ឱមនុស្សលោក)ភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះ

២. រហូតដល់ពួកអ្នកស្លាប់ ហើយបានចូលទៅក្នុងផ្នូររបស់ពួកអ្នក។

៣. អ្វីដែលនាំឱ្យពួកអ្នកមានមោទនភាពរហូតដល់នាំឱ្យពួកអ្នកភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះនោះ ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយនៃការធ្វើបែបនោះ។

៤. បន្ទាប់មក ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយរបស់វា។

៥. ជាការពិត ប្រសិនបើពួកអ្នកដឹងច្បាស់ថា ពួកអ្នកនឹងត្រូវគេពង្រស់ឱ្យរស់ឡើងវិញត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ ហើយទ្រង់នឹងតបស្នងទៅលើទង្វើរបស់ពួកអ្នកនោះ ពួកអ្នកពិតជានឹងមិនជាប់រវល់នឹងការមានមោទនភាព(ចំពោះគ្នា)ពីរឿងទ្រព្យសម្បត្តិនិងរឿងកូនចៅឡើយ។

៦. ជាការពិតណាស់ អល់ឡោះពិតជានឹងឱ្យពួកអ្នកឃើញភ្លើងនរកនៅថ្ងៃបរលោកជាមិនខាន។

៧. បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវា(ភ្លើងនរក)យ៉ាងច្បាស់ផ្ទាល់នឹងភ្នែកដោយគ្មានការសង្ស័យឡើយ។

៨. ក្រោយមក នៅថ្ងៃនោះ អល់ឡោះជាម្ចាស់នឹងសួរពួកអ្នកអំពីរាល់ឧបការគុណទាំងឡាយដែលទ្រង់ប្រទានឱ្យពួកអ្នក ដូចជាសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងប្រការផ្សេងៗទៀត។