សំណួរទី១៦. ចូរសូត្រជំពូក អាល់ហ្វាឡឹក( سورة الفلق ) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់ហ្វាឡឹក( سورة الفلق ) និងអត្ថន័យរបស់វា ៖

ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំសុំពីម្ចាស់គ្រប់គ្រងពេល ទៀបភ្លឺឱ្យបញ្ចៀស ។ អំពីប្រការអាក្រក់ទាំងឡាយដែលទ្រង់បានបង្កើតមក។ និងអំពីប្រការអាក្រក់នៃពេលយប់នៅពេលដែលភាព ងងឹតបានមកដល់។ និងអំពីប្រការអាក្រក់របស់ពួកស្ដ្រីមន្ដអាគមដែលសូត្រ ផ្លុំមន្ដអាគមទៅក្នុងខ្សែចំណង។ ហើយនិងអំពីប្រការអាក្រក់របស់អ្នកច្រណែនឈ្នានីស នៅពេលដែលគេច្រណែនឈ្នានីស។ (អាល់ហ្វាឡឹក ៈ ១-៥)

បកស្រាយអត្ថន័យ

១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំការការពារពីព្រះជាម្ចាស់នៃពេលទៀបភ្លឺ និងសុំការបញ្ចៀសពីទ្រង់

២. (សូមទ្រង់ការពារនិងបញ្ចៀស)ពីប្រការអាក្រក់ដែលកើតចេញពីភាវៈ(ម៉ាខ្លូក)ទាំងឡាយដែលផ្តល់គ្រោះថ្នាក់

៣. ហើយខ្ញុំសុំការការពារពីអល់ឡោះជាម្ចាស់អំពីប្រការអាក្រក់ដែលលេចឡើងនៅពេលយប់ ដូចជាសត្វសាហាវ និងចោរ។

៤. ហើយខ្ញុំសុំការការពារពីអល់ឡោះជាម្ចាស់អំពីប្រការអាក្រក់នៃពួកគ្រូធ្មប់ទាំងឡាយដែលពួកគេបានផ្លុំទៅក្នុងខ្សែចំណងរបស់ពួកគេ។

៥. ហើយខ្ញុំក៏សុំការការពារពីអល់ឡោះជាម្ចាស់ផងដែរអំពីប្រការអាក្រក់របស់អ្នកដែលច្រណែនឈ្នានីស នៅពេលដែលគេបានច្រណែនឈ្នានីសពួកគេចំពោះឧបការគុណ(នៀកម៉ាត់)ទាងឡាយដែលអល់ឡោះជាម្ចាស់បានប្រទានឲ្យពួកគេ ដោយគេ(អ្នកដែលច្រណែនឈ្នានីស)ចង់ឲ្យឧបការគុណដែលពួកគេទទួលបាន បាត់បង់អំពីពួកគេ ហើយផ្តល់គ្រោះថ្នាក់ដល់ពួកគេ។