សំណួរទី១៤. ចូរសូត្រជំពូក អាល់ម៉ាសាត់( سورة المسد ) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់ម៉ាសាត់( سورة المسد ) និងអត្ថន័យរបស់វា៖

ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។

ដៃទាំងពីរ(ទង្វើ)របស់អាពូឡាហាប់បានវិនាសអន្ដរាយ ហើយគេក៏វិនាសអន្ដរាយ។ ទ្រព្យសម្បត្ដិរបស់គេនិងអ្វីៗដែលគេបានសាងកន្លងមក មិនបានផ្ដល់ផលប្រយោជន៍ដល់គេឡើយ។ គេនឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោ សន្ធៅ។ ហើយភរិយារបស់គេដែលជាអ្នកយកបន្លា(រាយលើផ្លូវ ដើម្បីធ្វើបាបមូហាំម៉ាត់)ក៏ដូច្នោះដែរ។ នៅនឹងករបស់នាងមានខ្សែច្រវ៉ាក់ភ្លើង។ (អាល់ម៉ាសាត់ ៈ ១-៥)

បកស្រាយអត្ថន័យ

១. ដៃទាំងពីររបស់ឪពុកមាព្យាការីមូហាំម៉ាត់ គឺអាពូឡាហាប់ដែលជាកូនប្រុសរបស់អាប់ទុលមុតល់ឡឹប គឺបានវិនាសអន្តរាយហើយ ដោយសារតែទង្វើរបស់គេ ខណៈដែលគេធ្វើទុកបុកម្នេញទៅលើព្យាការីមូហាំម៉ាត់នោះ ហើយការព្យាយាមរបស់គេ ក៏គ្មានបានផលអ្វីដែរ។

២. តើអ្វីមួយដែលអាចផ្តល់ផលប្រយោជន៍ដល់រូបគេនោះ? ទ្រព្យសម្បត្តិ និងកូនចៅរបស់គេ? វាទាំងពីរនេះ មិនអាចការពាររូបគេពីទណ្ឌកម្មបានឡើយ ហើយវាទាំងពីរ(ទ្រព្យសម្បត្តិនិងកូនចៅរបស់គេ) ក៏មិនអាចធ្វើឱ្យរូបគេទទួលបាននូវក្តីមេត្តាករុណា(ពីអល់ឡោះ)នោះដែរ។

៣. រូបគេនឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនៅថ្ងៃបរលោក ដោយគេនឹងទទួលរងនូវកម្តៅដ៏ក្តៅរបស់វា។

៤. ហើយប្រពន្ធរបស់គេ គឺអ៊ុមមូជើមីល ដែលជាអ្នកយកបន្លារាយលើផ្លូវដើររបស់ព្យាការីមូហាំម៉ាត់ដើម្បីធ្វើបាបគាត់នោះ ក៏នឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនោះដូចគ្នាដែរ។

៥. នៅនឹងករបស់នាង មានខ្សែច្រវាក់សម្រាប់អូសនាងចូលទៅក្នុងឋាននរក។