ចម្លើយ. ជំពូក អាន់ណើសរ៍( سورة النصر ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
នៅពេលដែលជំនួយរបស់អល់ឡោះ និងជ័យជម្នះបានមកដល់(ការរំដោះទីក្រុងម៉ាក្កះ) ពេលនោះ អ្នកនឹងឃើញមនុស្សម្នាចូលសាសនារបស់អល់ឡោះទាំងក្រុមៗ។ ដូចេ្នះ ចូរអ្នកលើកតម្កើងដោយការសរសើរទៅចំពោះ ម្ចាស់របស់អ្នក និងសុំអភ័យទោសពីទ្រង់។ ពិតប្រាកដណាស់ ទ្រង់ គឺជាអ្នកដែលទទួលយកការសុំអភ័យទោសបំផុត។ (អាល់ណើសរ៍ ៈ ១-៣)
បកស្រាយអត្ថន័យ
នៅពេលដែលជំនួយរបស់អល់ឡោះចំពោះសាសនារបស់អ្នក(ឱព្យាការីមូហាំម៉ាត់) ការផ្តល់ភាពខ្លាំងក្លារបស់ទ្រង់ដល់វា(សាសនាអ៊ីស្លាម) និងការទទួលបានជ័យជម្នះដោយការរំដោះបានទីក្រុងម៉ាក្កះបានមកដល់
ហើយអ្នកនឹងបានឃើញមនុស្សចូលសាសនាអ៊ីស្លាមទាំងក្រុមៗនោះ
ពេលនោះ ចូរអ្នកដឹងចុះថា ជាការពិតណាស់ ទាំងនេះគឺជាសញ្ញាបញ្ជាក់ថា តួនាទីរបស់អ្នកដែលគេបានចាត់តាំងអ្នកមកនោះ ជិតដល់ទីបញ្ចប់ហើយ។ ដូចេ្នះ ចូរអ្នកលើកតម្កើងដោយការកោតសរសើរទៅចំពោះម្ចាស់របស់អ្នក ជាការថ្លែងអំណរគុណចំពោះទ្រង់លើឧបការគុណនៃការផ្តល់ជំនួយ និងការរំដោះបានទីក្រុងម៉ាក្កះនេះ ហើយចូរអ្នកសុំអភ័យទោសពីទ្រង់ចុះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលទទួលយកការសារភាពកំហុសបំផុតពីបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយទ្រង់អភ័យទោសដល់ពួកគេ។