សំណួរទី១០. ចូរសូត្រជំពូក អាល់ម៉ាអ៊ូន( سورة الماعون ) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់ម៉ាអ៊ូន( سورة الماعون ) និងអត្ថន័យរបស់វា ៖

ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។

តើអ្នក(មូហាំម៉ាត់)បានឃើញបុគ្គលដែលបដិសេធនឹងថ្ងៃ ជំនុំជំរះដែរឬទេ ? នោះហើយគឺជាបុគ្គលដែលបោះបង់កូនកំព្រា។ ហើយមិនជំរុញគ្នាឱ្យផ្ដល់ចំណីអាហារដល់អ្នកក្រីក្រឡើយ ដូចេ្នះ ភាពវិនាសអន្ដរាយ គឺសម្រាប់ពួកដែលសឡាត ដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ។ ពួកគេគឺជាពួកដែលសាងអំពើល្អដើម្បីចង់បង្ហាញឱ្យគេ ឃើញតែប៉ុណ្ណោះ។ ហើយពួកគេមិនឱ្យទ្រព្យគេខ្ចីឡើយ សូម្បីតែបន្ដិចបន្ដួចក៏ដោយ។ (អាល់ម៉ាអ៊ូន ៈ ១-៧)

បកស្រាយអត្ថន័យ

១. តើអ្នកបានស្គាល់បុគ្គលដែលបដិសេធនឹងការទទួលបានការតបស្នងនៅថ្ងៃបរលោកដែរឬទេ?

២. គឺបុគ្គលដែលរំលោភបំពានសិទ្ធិក្មេងកំព្រា(កំព្រាឪពុក)យ៉ាងខ្លាំងក្លា

៣. ហើយមិនជំរុញខ្លួនឯងនិងអ្នកដទៃឱ្យបរិច្ចាគចំណីអាហារដល់អ្នកក្រីក្រឡើយ។

៤. ដូច្នេះ ភាពវិនាសអន្ដរាយនិងទណ្ឌកម្ម គឺសម្រាប់អ្នកសឡាតទាំងឡាយណា

៥. ដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ។ ពួកគេមិនយកចិត្តទុកដាក់លើការសឡាតនោះឡើយ រហូតដល់ផុតពេលវេលារបស់វា។

៦. ពួកគេគឺជាពួកដែលប្រតិបត្តិសឡាត និងសាងអំពើល្អផ្សេងៗដើម្បីគ្រាន់តែចង់បង្ហាញឱ្យគេឃើញតែប៉ុណ្ណោះ។ ពួកគេមិនបានធ្វើវាដោយចិត្តស្មោះសចំពោះអល់ឡោះឡើយ។

៧. ហើយពួកគេមិនជួយដល់អ្នកដទៃឡើយ បើទោះបីជាការជួយនោះមិនបានផ្តល់ផលប៉ះពាល់ដល់រូបគេក៏ដោយ។