សំណួរទី២៣. តើប្រការស៊ូណិត(ប្រការគួរគប្បីធ្វើ)នៅក្នុងសឡាតមានអ្វីខ្លះ?

ចម្លើយ. ចំពោះប្រការស៊ូណិតក្នុងសឡាត គេចែកចេញជាពីរគឺ៖

ទីមួយ៖ ប្រការស៊ូណិតដែលទាក់ទងនឹងពាក្យសម្តី ដែលគេឲ្យឈ្មោះថា ស៊ូណិតពាក្យសម្តី ៖

ប្រការស៊ូណិតក្នុងសឡាតដែលទាក់ទងនឹងពាក្យសម្តី ឬការសូត្រ មានចំនួន១១ប្រការដូចខាងក្រោម៖

១. សូត្របន្ទាប់ពីតឹកពៀរ៉តុលអៀហរ៉មថា ៖

سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ، وَتَبَارَكَ اسْمُكَ، وَتَعَالَى جَدُّكَ، وَلَا إِلَهَ غَيْرُكَ

ដែលគេឲ្យឈ្មោះថា ទូអា អ៊ិសទីហ្វតះ។

២. សូត្រ "أعُوذ باللهِ منَ الشَّيطَانِ الرَّجِيمِ"

៣. សូត្រ "بسم الله الرحمن الرحيم"

៤. ពោលពាក្យ “آمين” បន្ទាប់ពីសូត្រហ្វាទីហះចប់។

៥. សូត្រស៊ូរ៉ោះអ្វីមួយបន្ទាប់ពីសូត្រហ្វាទីហះរួច។

៦. សូត្រឮៗសម្រាប់អ្នកដែលជាអ៊ីម៉ាំ

៧. សូត្រថា៖

“مِلْء السَّمَاوَاتِ وملء الأَرْضِ، وَمِلْء مَا شِئْتَ مِنْ شَيْءٍ بَعْدُ” បន្ទាប់ពីសូត្រថា “رَبَّنَا ولك الحْمدُ”

៨. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលរូកុ ពោលគឺសូត្រថា "سُبْحَانَ ربِّي العظيمِ" ចំនួនពីរដង ឬបីដង ឬច្រើនជាងនេះ

៩. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលស៊ូជោត ពោលគឺសូត្រថា ៖ "سُبْحَانَ ربِّي الأعلى" ចំនួនពីរដង ឬបីដង ឬច្រើនជាងនេះ

១០. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលអង្គុយនៅចន្លោះរវាងស៊ូជោតទាំងពីរ ពោលគឺសូត្រ "رَبِّ اغْفِرْ لِي" ចំនួនពីរដង ឬបីដង ឬច្រើនជាងនេះ។

១១. សឡាវ៉ាតលើក្រុមគ្រួសាររបស់ព្យាការីនៅក្នុងពេលតះយិតចុងក្រោយ សុំពរជ័យ(ហ្ពារ៉កាត់)ពីអល់ឡោះឲ្យកើតមានដល់លោកនិងក្រុមគ្រួសាររបស់លោក ព្រមទាំងសុំទូអាបន្ទាប់ពីនេះ។

ទីពីរ៖ ប្រការស៊ូណិតដែលទាក់ទងនឹងកាយវិការ ដែលគេឲ្យឈ្មោះថា ស៊ូណិតកាយវិការ មានដូចជា៖

១. លើកដៃទាំងពីរក្នុងពេលតឹកពៀរ៉តុលអៀហរ៉ម

២. ពេលតឹកពៀរចុះទៅរូកុ

៣. ពេលងើបពីរូកុ

៤. និងពេលងើបពីតះយិតដើម្បីបន្តរ៉ក្អាត់ទីបី

៥. ដាក់ដៃស្តាំលើដៃឆ្វេង(ក្នុងពេលឈរ)

៦. សម្លឺងមើលទៅកន្លែងស៊ូជោត

៧. ញែកជើងទាំងពីរចេញពីគ្នានៅពេលឈរ

៨. ចាប់ក្បាលជង្គង់ដោយដៃទាំងពីរ ហើយញែកម្រាមដៃក្នុងពេលរូកុ និងត្រូវសន្ធឹងខ្នងឲ្យបានស្មើហើយត្រូវដាក់ក្បាលស្មើនឹងខ្នង

៩. ដាក់អវៈយវៈស៊ូជោតទាំងអស់ឲ្យដល់ដី ដោយឲ្យប៉ះផ្ទាល់នឹងកន្លែងស៊ូជោត

១០. ញែកកែងដៃទាំងពីរចេញពីខ្លួន ញែកពោះចេញពីភ្លៅទាំងពីរ ញែកភ្លៅទាំងពីរចេញពីកំភួនជើង ញែកជង្គង់ទាំងពីរចេញពីគ្នា បញ្ឈរប្រអប់ជើងទាំងពីរ ហើយដាក់ម្រាមជើងតម្រង់ទិសគិបឡាត់ ដាក់ដៃទាំងពីរស្មើនឹងស្មា ហើយម្រាមដៃតម្រង់ទិសគិបឡាត់។

១១. អង្គុយលើបាតជើងឆ្វេងក្នុងពេលអង្គុយនៅចន្លោះរវាងស៊ូជោតទាំងពីរ និងក្នុងពេលអង្គុយសូត្រតះយិតទីមួយ និងត្រូវអង្គុយដាក់គូទដល់ដីក្នុងពេលអង្គុយសូត្រតះយិតទីពីរ

១២. លាដៃទាំងពីរដាក់នៅលើភ្លៅ ដោយដាក់ម្រាមដៃជាប់ក្នុងពេលអង្គុយ និងពេលអង្គុយសូត្រតះយិត គ្រាន់តែពេលអង្គុយសូត្រតះយិត ត្រូវក្ដាប់ដៃស្តាំ ក្តោបម្រាមដៃមេនឹងម្រាមដៃកណ្តាល ហើយចង្អុលម្រាមដៃចង្អុលក្នុងពេលហ្ស៊ីកៀរទៅចំពោះអល់ឡោះ។

១៣. ងាកមុខទៅខាងស្តាំនិងទៅខាងឆ្វេង នៅពេលឲ្យសាឡាម។