ចម្លើយ. ភាពពុតត្បុត(នីហ្វាក) គឺការស្តែងចេញមកខាងក្រៅផ្ទុយពីអ្វីដែលនៅខាងក្នុង។ វាមានពីរប្រភេទគឺ៖
១. ភាពពុតត្បុតកម្រិតធ្ងន់(នីហ្វាកធំ)៖ គឺការលាក់ទុកនូវភាពគ្មានជំនឿ ហើយស្តែងចេញឲ្យគេឃើញនូវភាពមានជំនឿ។
ជនប្រភេទនេះ នឹងត្រូវរបូតចេញពីសាសនាអ៊ីស្លាម ហើយវាស្ថិតក្នុងចំណោមភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ "ពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះនឹងស្ថិតនៅក្នុងបាតក្រោមបង្អស់នៃឋាននរក ហើយអ្នក(មូហាំម៉ាត់)នឹងមិនឃើញអ្នកណាម្នាក់ជួយពួកគេឡើយ”។ (អាន់នីសាក ៈ ១៤៥)
២. ភាពពុតត្បុតកម្រិតស្រាល(នីហ្វាកតូច)៖
ដូចជាការភូតកុហក ការមិនបំពេញតាមការសន្យា និងការបោកប្រាស់ឬក្បត់ទំនុកចិត្ត។
វាមិនធ្វើឲ្យជនប្រភេទនេះរបូតចេញពីសាសនាអ៊ីស្លាមឡើយ តែវាស្ថិតក្នុងចំណោមទង្វើបាបកម្ម និងធ្វើឲ្យអ្នកដែលប្រព្រឹត្ត ប្រឈមនឹងទណ្ឌកម្មពីអល់ឡោះ។
ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖ " លក្ខណៈសំគាល់ពួកពុតត្បុតមានបីគឺ នៅពេលគាត់និយាយគាត់ កុហក នៅពេលគាត់សន្យាគាត់មិនធ្វើតាមការសន្យា និងនៅពេលដែលត្រូវគេ ទុកចិត្ដគាត់ គាត់បោកប្រាស់"។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម