ចម្លើយ. ពន្យល់ពីរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ទាំងប្រាំមួយក្នុងសាសនាអ៊ីស្លាម៖ ១. ជឿចំពោះអល់ឡោះ :
គឺអ្នកត្រូវជឿថា អល់ឡោះជាម្ចាស់ គឺជាអ្នកដែលបានបង្កើតអ្នក ជាអ្នកផ្តល់លាភសក្ការៈដល់អ្នក។ ហើយទ្រង់គឺជាអ្នកគ្រប់គ្រង និងជាអ្នកចាត់ចែងរាល់កិច្ចការទាំងអស់របស់ភាវៈ(ម៉ាខ្លួក)ទាំងអស់ដែលទ្រង់បានបង្កើតមកតែមួយអង្គឯងគត់។
ទ្រង់គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ ដោយពុំមានម្ចាស់ណាផ្សេងដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។
ពិតណាស់ ទ្រង់ជាម្ចាស់ដ៏មហាធំធេង ជាម្ចាស់ដែលមានលក្ខណៈពេញលេញបំផុត ដែលរាល់ការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ទ្រង់មានព្រះនាមជាច្រើនដ៏ល្អប្រពៃ និងមានលក្ខណៈសម្បត្តិ(ស៊ីហ្វាត)ដ៏ប្រសើរខ្ពង់ខ្ពស់។ ទ្រង់គ្មានដៃគូនោះឡើយ ហើយក៏គ្មានអ្វីមួយអាចប្រដូចនឹងទ្រង់បាននោះដែរ។
២. ជឿចំពោះបណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់ :
២. ជឿចំពោះបណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់ : ពួកគេ គឺជាភាវៈមួយដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមកពីពន្លឺ ដើម្បីឲ្យពួកគេគោរពសក្ការៈចំពោះទ្រង់ និងអនុវត្តន៍តាមយ៉ាងពេញលេញចំពោះបទបញ្ជាទាំងឡាយរបស់ទ្រង់។
ហើយក្នុងចំណោមនោះ គឺម៉ាឡាអ៊ីកាត់ជីព្រីល ដែលជាអ្នកនាំវ៉ាហ៊ី(សារ)មកកាន់បណ្តាព្យាការីទាំងអស់។
៣. ជឿចំពោះបណ្តាព្រះគម្ពីរទាំងឡាយ :
គឺត្រូវមានជំនឿចំពោះបណ្តាព្រះគម្ពីរទាំងអស់ដែលអល់ឡោះបានបញ្ចុះមក ដូចជា ៖
• គម្ពីរគួរអាន ដែលទ្រង់បានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់
• គម្ពីរអ៊ិនជីល ដែលទ្រង់បានបញ្ចុះទៅលើព្យាការីអ៊ីសា
• គម្ពីរតាវរ៉ត ដែលទ្រង់បានបញ្ចុះទៅលើព្យាការីមូសា
• គម្ពីរហ្សាពូរ ដែលទ្រង់បានបញ្ចុះទៅលើព្យាការី ហ្ទាវូទ
• ស៊ូហ៊ុហ្វអ៊ីព្រហ៊ីមនិងមូសា ដែលទ្រង់បានបញ្ចុះទៅលើព្យាការីអ៊ីព្រហ៊ីម និងព្យាការីមូសា។
៤. ជឿចំពោះបណ្តារ៉ស៊ូល(អ្នកនាំសារ) ៖
ពួកគេ គឺជាអ្នកដែលត្រូវបានអល់ឡោះជាម្ចាស់បញ្ជូនទៅកាន់មនុស្សលោកទាំងឡាយ ដើម្បីបង្រៀនពួកគេ(ពីកិច្ចការសាសនា) និងផ្តល់ដំណឹងរីករាយដល់ពួកគេពីប្រការល្អនិងឋានសួគ៌(ចំពោះអ្នកដែលប្រតិបត្តិតាម) ព្រមទាំងព្រមានបន្លាចពួកគេពីប្រការអាក្រក់និងឋាននរក(ចំពោះអ្នកដែលប្រឆាំងមិនគោរពតាម)។
ហើយក្នុងចំណោមពួកគេ អ្នកនាំសារដែលល្អប្រសើរជាងគេបំផុត គឺអ្នកនាំសារដែលជា “អ៊ូលុលអាហ្សមី” (អ្នកដែលមានឆន្ទៈមោះមុតជាងគេបំផុតក្នុងចំណោមអ្នកនាំសារទាំងឡាយ)ដែលមានដូចជា ៖
ព្យាការីនួហ
ព្យាការីអ៊ីព្រហ៊ីម
ព្យាការីមូសា
ព្យាការីអ៊ីសា
ព្យាការីមូហាំម៉ាត់
៥. ជឿចំពោះថ្ងៃបរលោក :
គឺត្រូវមានជំនឿចំពោះអ្វីដែលកើតមានឡើងនៅក្នុងផ្នូរក្រោយពីការស្លាប់ ជឿចំពោះថ្ងៃបរលោក ថ្ងៃដែលត្រូវគេ
ពង្រស់ឡើងវិញ ហើយនិងការជំនុំជម្រះ ដោយអ្នកដែលសាងអំពើល្អនឹងបានចូលឋានសួគ៌ ហើយអ្នកដែលសាងអំពើអាក្រក់ នឹងត្រូវចូលឋាននរក។
៦. ជឿចំពោះវាសនាល្អ ឬអាក្រក់ (ថាវាត្រូវបានអល់ឡោះកំណត់រួចជាស្រេច)។
គឺការមានជំនឿថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងនូវរាល់អ្វីៗទាំងអស់ដែលកើតឡើងនៅក្នុងចក្រវាឡ ហើយពិតណាស់ ទ្រង់បានកត់ត្រារឿងរ៉ាវទាំងអស់នោះនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូស រាល់អ្វីដែលទ្រង់មានចេតនាឲ្យមានវត្តមាន ទ្រង់នឹងបង្កើតវាឡើង។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖ “ពិតប្រាកដណាស់រាល់អ្វីៗទាំងអស់ គឺយើងបានបង្កើតវាដោយមានកំណត់់រួចជាសេ្រច”។
ជំនឿចំពោះការកំណត់វាសនាល្អនិងអាក្រក់នេះ មានបួនលំដាប់គឺ ៖
ទីមួយ : ការដឹងរបស់អល់ឡោះ ពោលគឺការដឹងរបស់អល់ឡោះជាម្ចាស់មានមុននឹងអ្វីមួយកើតឡើង និងបន្ទាប់ពីវាកើតឡើង។
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងនូវដំណឹងនៃថ្ងៃ បរលោក និងការបញ្ចុះទឹកភ្លៀង។ ហើយទ្រង់ជាអ្នកដឹងនូវអី្វដែល មានក្នុងស្បូន។ ហើយគ្មានបុគ្គលណាម្នាក់ដឹងថា តើអ្វីដែលគេនឹង ទទួលបាននៅថ្ងៃស្អែកឡើយ។ ហើយក៏គ្មានបុគ្គលណាម្នាក់ដឹងថា តើគេនឹងស្លាប់នៅលើទឹកដីណាដែរ។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹង មហាជ្រួតជ្រាប ។ (លុកម៉ាន ៈ ៣៤)
ទីពីរ : ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រារឿងរ៉ាវទាំងនោះនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូស។ ដូចនេះ រាល់អ្វីៗទាំងអស់ដែលបានកើតឡើង និងអ្វីដែលនឹងត្រូវកើតឡើង គឺត្រូវបានកត់ត្រាទុករួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រាដែលនៅជាមួយនឹងទ្រង់។
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ ហើយកូនសោទាំងឡាយនៃប្រការអាថ៌កំបាំងស្ថិតនៅនឹង ទ្រង់ ដែលគ្មាននរណាម្នាក់ដឹងពីវាក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងនូវ អ្វីដែលមាននៅលើគោក និងមាននៅក្នុងសមុទ្រ។ រាល់ស្លឹកឈើ មួយសន្លឹកដែលជ្រុះនោះ សុទ្ធតែទ្រង់ដឹងទាំងអស់ ហើយគ្រាប់ដែល នៅក្នុងភាពងងឹតនៃដី និងអ្វីដែលសើម ហើយនិងអ្វីដែលស្ងួតនោះ សុទ្ធតែត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់។ (អាល់អាន់អាម ៈ ៥៩)
ទីបី : រាល់អ្វីៗទាំងអស់ គឺកើតឡើងដោយចេតនារបស់អល់ឡោះជាម្ចាស់តែមួយគត់ ដោយគ្មានអ្វីមួយអាចកើតឡើងជាដាច់ខាត លើកលែងតែអ្វីដែលអល់ឡោះមានចេតនាឲ្យវាកើតឡើងប៉ុណ្ណោះ
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ “សម្រាប់ជនណាដែលមានបំណងចង់ដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងចំណោមពួកអ្នក។ ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់មានចេតនាប៉ុណ្ណោះ”។ (អាត់តឹកវៀរ ៈ ២៨-២៩)
ទីបួន : ការមានជំនឿថា រាល់ម៉ាខ្លូកទាំងអស់(រាល់ភាវៈទាំងអស់) សុទ្ធតែត្រូវបានអល់ឡោះជាអ្នកបង្កើតវាមក ហើយទ្រង់បានបង្កើតរូបរាងរបស់វា លក្ខណៈរបស់វា និងចលនារបស់វា ហើយនិងអ្វីៗទាំងអស់ដែលនៅក្នុងវា។
ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖ ខណៈដែលអល់ឡោះបានបង្កើតពួកអ្នកនិងអ្វីដែលពួកអ្នក កំពុងធ្វើនោះឬ? (អាសសហ្វហ្វាត ៈ ៩៦)