ចម្លើយ. តាវហេទត្រូវបានបែងចែកទៅជាបីប្រភេទគឺ ៖
១. តាវហេទ រូពូពីយ៉ះ (ឯកទេពនិយមចំពោះការបង្កើត)៖ គឺការមានជំនឿថា អល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបង្កើត ជាអ្នកប្រទានលាភសក្ការៈ ជាអ្នកត្រួតត្រា និងជាអ្នកចាត់ចែង(អ្វីៗទាំងអស់ក្នុងចក្រវាឡ) ដោយពុំមានដៃគូណាមួយរួមជាមួយនឹងទ្រង់ឡើយ។
២. តាវហេទ អ៊ូលូហ៊ីយ៉ះ (ឯកទេពនិយមចំពោះការគោរពសក្ការៈ)៖ គឺការទទួលយកអល់ឡោះជាម្ចាស់តែមួយគត់ក្នុងការគោរពសក្ការៈ ពោលគឺត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយមិនត្រូវគោរពសក្ការៈចំពោះអ្វីផ្សេងជាដាច់ខាត។
៣. តាវហេទ អាល់អាស្មាក វ៉ាសស៊ីហ្វាត (ឯកទេពនិយមចំពោះព្រះនាម និងលក្ខណៈរបស់ទ្រង់)៖ គឺត្រូវមានជំនឿចំពោះបណ្តាព្រះនាម និងលក្ខណៈ(ស៊ីហ្វាត)ទាំងឡាយណាដែលមានភស្តុតាងបញ្ជាក់នៅក្នុងគម្ពីរគួរអាននិងស៊ុណ្ណះ(លំអានរបស់ព្យាការី) ដោយមិនមានការប្រៀបធៀប ប្រៀបប្រដូច ឬក៏បដិសេធឡើយ។
ភស្តុតាងដែលបញ្ជាក់ពីតាវហេទទាំងបីប្រភេទនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា ៖ ទ្រង់ជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី ព្រមទាំង អ្វីៗដែលនៅចន្លោះវាទាំងពីរ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)គោរព សក្ការៈចំពោះទ្រង់ និងទ្រាំអត់ធ្មត់ក្នុងការគោរពសក្ការៈចំពោះ ទ្រង់។ តើអ្នកដឹងទេថា មានអ្នកណាដែលមានឈ្មោះដូចទ្រង់នោះ? (ម៉ើរយ៉ាំ ៈ ៦៥)